យុវភាពរបស់មនុស្សស្រីស្អាតយ៉ាងនេះ មានសិទ្ធិស្រលាញ់ មានសិទ្ធិរើសឲ្យខ្លួនឯងមនុស្សម្នាក់ដែលអាចផ្ដល់សុភមង្គលឲ្យខ្លួនឯងបាន។ ដូចនេះហេតុអីចាំបាច់ចងខ្លួនឯងជាមួយមនុស្សម្នាក់ដែលទើបតែស្គាល់មិនទាន់ទាំងច្បាស់ទៀតនោះ?

មានហេតុផលច្រើនសម្រាប់មនុស្សម្នាក់ប្រញាប់រៀបការណាស់៖ ព្រោះខ្លាចអត់គូ ព្រោះគិតថាខ្លួនដល់អាយុត្រូវរៀបការហើយ ព្រោះខ្លាចហួសអាយុនេះនឹងលែងមានអ្នកស្រលាញ់...។
នៅពេលដែលក្រុមមិត្តភ័ក្ដិជិតស្និទ្ធចូលរោងការអស់ ហើយងាកមកឃើញថានៅតែខ្លួនឯងកណ្ដោចកណ្ដែង បូករួមនឹងការស្ដីបន្ទោស ក៏ដូចតឿនរបស់គ្រួសារទៀតនោះ នារីមួយចំនួនអាចនឹងបាក់ទឹកចិត្តហើយក៏យល់ព្រមប្រគល់ជីវិតរបស់ខ្លួនឲ្យទៅបុរសណាម្នាក់ដែលម៉ាក់ណែនាំឲ្យស្គាល់។
តើចាំបាច់ត្រូវធ្វើដូចនេះទេ បើពេលនេះគឺជាពេលវេលាដ៏ស្អាតបំផុតរបស់មនុស្សស្រីម្នាក់ទៅហើយ។ អ្នកកំពុងតែសប្បាយចិត្តនឹងអ្វីដែលខ្លួនមានទេតើ ម៉េចដោយសារតែមជ្ឈដ្ឋានជុំវិញហើយធ្វើតាមគេដូចនេះ?
មិនមែនជីវិតរៀបការណាក៏ស្រស់ស្អាតដូចនៅពេលកូនក្រមុំស្លៀករ៉ូបអាពាហ៍ពិពាហ៍នោះទេ។ កុំប្រគល់ជីវិតដែលនៅសល់របស់ខ្លួនឲ្យពាក្យថា "ហេងស៊យ" ឲ្យសោះ។ វាស្ដាប់ទៅដូចមានន័យថាអ្នកគ្មានទំនួលខុសត្រូវនឹងជីវិតរបស់ខ្លួនអីចឹង។ អ្វីដែលត្រូវដល់គង់តែមកដល់នោះទេ ហេតុអ្វីចាំបាច់ទៅហត់ខ្លួនជីករកធ្វើអ្វី?
ត្រូវចងចាំថាអ្នកជាមនុស្សតែមួយគត់ដែលមានសិទ្ធិសម្រេចសុភមង្គលរបស់ខ្លួនឯង។ កុំទុកឲ្យអ្នកដទៃធ្វើឲ្យរង្គោះរង្គើការសម្រេចចិត្តរបស់យើងឲ្យសោះ។ សូមរៀបការនឹងនរណាដែលអ្នកជឿជាក់ថានឹងពាំនាំក្ដីស្រលាញ់មកឲ្យអ្នក និងជាមនុស្សដែលជ្រើសយកដោយខ្លួនឯង៕

អត្ថបទ៖ Caramel
#Kanha
No comments:
Post a Comment