ការពិតមានរឿងច្រើនណាស់ដែលមនុស្សស្រីយល់ខុសពីមនុស្សប្រុស ហើយគិតថាវាមិនអី។ មនុស្សស្រីតែងទាមទារឲ្យមនុស្សប្រុសយល់ពីខ្លួន ខណៈខ្លួនឯងមិនបានយល់ពីគេសោះ ហើយតាំងនិយាយថាខ្លួនជាជនរងគ្រោះ។ បើអ្នកបានអានអត្ថបទនេះហើយអ្នកនឹងអាចយល់ពីទឹកចិត្តមនុស្សប្រុស ដែលតាំងពីដើមមកអ្នកតែងតែមើលរំលង ៖
១. ពេលខ្លះគាត់ចង់នៅតែឯង
ពេលគាត់ស្ងប់ស្ងាត់ ពេលគាត់ចង់នៅតែម្នាក់ឯងមិនមែនមានន័យថាគាត់ខឹងអ្នក ឬអ្នកធ្វើអីខុសទេ។ គាត់អាចមានអារម្មណ៍មិនល្អហើយចង់មានពេលសម្រាកខ្លះដើម្បីឲ្យអារម្មណ៍ធូរស្រាលឡើងវិញ ព្រោះគាត់អាចគិតថាបើជួបអ្នក និយាយជាមួយអ្នកអាចឈ្លោះគ្នា មាត់ធំមាត់តូចដាក់គ្នាជាដើម។ មនុស្សស្រីខ្លះមិនយល់ពីគាត់ បែរជារករឿងថែម ថាគាត់ប្លែក ថាគាត់លែងខ្វល់។
/5b027213c0991_1526886900_large.jpg)
រូបតំណាង
២. គាត់មិនសូវនិយាយ
បើគាត់មិនមែនព្រាននារីទេ ប្រហែលជាមិនសូវពូកែនិយាយ ពូកែលួងលោមទេ។ គាត់អាចនឹងនិយាយតិច សោះកក្រោះពេលខ្លះ តែមិនមែនមានន័យថាគាត់មិនស្រឡាញ់ឡើយ។ គាត់អាចនឹងមិនផ្អែមល្ហែម ឬនិយាយលេងច្រើន តែក្នុងចិត្តគាត់គឺស្រឡាញ់ខ្លាំង ហើយច្បាស់ណាស់គឺខ្លាំងជាងមនុស្សប្រុសដែលពូកែសម្ដី។ បែបនេះក៏ដោយក៏នៅតែមនុស្សស្រីមិនយល់ពីគាត់ ហើយទៅលង់ស្នេហ៍មនុស្សដែលមាត់រអិល ពូកែលួងលោមទៅវិញ។
៣. គាត់ចង់បានការថ្នាក់ថ្នមពីមនុស្សស្រីដូចគ្នា
កុំគិតថាមានតែមនុស្សស្រីដែលចង់បានការខ្វាយខ្វល់ ការបារម្ភ មនុស្សប្រុសក៏ត្រូវការវាដូចគ្នា។ មានមនុស្សប្រុសជាច្រើនបានប្រាប់ថាពួកគេពិតជាសប្បាយចិត្ត និងមានអារម្មណ៍ល្អនៅពេលដែលមនុស្សស្រីដែលខ្លួនស្រឡាញ់ផ្អែមល្ហែមជាមួយគាត់ ហើយយកចិត្តទុកដាក់ជាមួយគាត់ គ្រាន់តែមិនដឹងបង្ហាញតាមណាតែប៉ុណ្ណោះ។ មានមនុស្សស្រីខ្លះមិនយល់ ហើយតែងតែទាមទារឲ្យគាត់យល់តែពីខ្លួនឯង ទាំងខ្លួនឯងមិនដែលខ្វល់ពីគាត់។
/5b0272141dc0d_1526886900_large.jpg)
រូបតំណាង
៤. លាក់អារម្មណ៍
គេថាមនុស្សស្រីពូកែលាក់អារម្មណ៍ តែការពិតអ្នកដែលពូកែលាក់នោះគឺមនុស្សប្រុសទៅវិញទេ។ មានរឿងខ្លះគាត់មិននិយាយ មិនសម្ដែងចេញមកតែម្ដងដោយមិនចង់ឲ្យម្ខាងទៀតអារម្មណ៍មិនល្អជាមួយគាត់។ មនុស្សស្រីមិននិយាយមែន តែទឹកមុខ សម្ដីគឺបង្ហាញចេញមក រីឯមនុស្សប្រុសគឺកប់ជិតឈឹងតែម្ដង។
៥. ចូលចិត្តស្រីស្អាត តែមិនមែនមានន័យថាស្រឡាញ់ទេ
ធម្មជាតិមនុស្សប្រុសគឺចូលចិត្តស្រីស្អាត តែមិនមែនមានន័យថាគាត់ស្រឡាញ់នោះទេ។ ពេលខ្លះគាត់ងាកមើលគេ គាត់សរសើរពីគេ មិនមែនគាត់លង់ស្រឡាញ់គេ ហើយចោលអ្នកឡើយ។ ការពិតមនុស្សប្រុសភាគច្រើនលង់ស្រឡាញ់នារីបែបសាមញ្ញៗប៉ុណ្ណោះ តែមនុស្សស្រីបែរជាគិតថាឲ្យតែស្អាតដឹងតែគេស្រឡាញ់ហើយ។
៦. មិនចូលចិត្តរឿងច្រំដែល
មូលហេតុពេលដែលឈ្លោះគ្នា មនុស្សប្រុសចូលចិត្តដើរចេញនោះគឺមកពីនិយាយមិនចូលគ្នាជាមួយមនុស្សស្រី។ មនុស្សស្រីពេលឈ្លោះគ្នាចូលចិត្តនិយាយច្រំដែល មិនស្ដាប់ហេតុផល ហើយចង់ឲ្យតែគេលួងខ្លួនឯង។ គាត់ដើរចេញមិនមែនមានន័យថាគាត់មិនខ្វល់នោះទេ គាត់គ្រាន់តែចង់រំងាប់កំហឹង ហើយទុកពេលឲ្យអ្នកស្រួលបួលសិន ទើបគាត់មកនិយាយតាមក្រោយ តែនារីមិនយល់បែរទៅជាខឹងគាត់លើសដើមពេលគាត់ស្ងប់ស្ងាត់មិនត៕

រូបតំណាង
រៀនយល់ពីគាត់ខ្លះផង កុំចង់ឲ្យតែគាត់យល់ពីអ្នក។ ស្រឡាញ់គ្នាត្រូវយល់ពីគ្នាទៅវិញទៅមក មិនមែនចាំតែម្នាក់យល់ពីម្នាក់នោះទេ៕
# Kanha
No comments:
Post a Comment