កាដូចុងក្រោយ
ខ្ញុំឈ្មោះវុត្ថា មានប្រពន្ធនិងកូនស្រីស្រស់ស្អាតគួរឱ្យស្រឡាញ់អាយុ៣ឆ្នាំម្នាក់។
ប្រពន្ធខ្ញុំជាបុគ្គលិកអង្គការមួយ ចំណែកខ្ញុំជាប្ដីបែរជានៅផ្ទះបំពេញកាតព្វកិច្ចជាមេផ្ទះ។ ចម្លែកណាស់មែនទេ ដែលបានឮអ៊ីចឹង?
វាពិតជាចម្លែកមែន ពីព្រោះជាទូទៅប្រុសៗតែងត្រូវគេចាត់ទុកថាជាមេគ្រួសារ ជាអ្នកមានកាតព្វកិច្ចចម្បងក្នុងការរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ។ តាមពិតពីមុនខ្ញុំគឺបែបនេះមែន។ ខ្ញុំនិងប្រពន្ធជាអ្នកធ្វើការដូចគ្នា ប៉ុន្តែក្រោយមកកន្លែងធ្វើការខ្ញុំមានវិបត្តិហិរញ្ញវត្ថុ ហើយចំពេលដែល កូនស្រីខ្ញុំកើតទៀត។ ពួកខ្ញុំសុទ្ធតែជាកូនកំព្រា ដូច្នេះមិនមានសំណាងមានម្ដាយឪពុកជួយមើលថែកូនឱ្យទេ។
ពួកខ្ញុំបានសាកល្បងជួលអ្នកមើលថែកូនជាច្រើនលើកច្រើនសារ តែមិនសមប្រកបសោះ ព្រោះអ្នកមើលថែនោះតែងលាឈប់ជាបន្តបន្ទាប់។ កាលនោះការងារប្រពន្ធខ្ញុំរីកចម្រើនខ្លាំង និងត្រូវបានប្រធានដំឡើងតួនាទីជាបន្តបន្ទាប់ និងទទួលបានប្រាក់ខែច្រើនឡើងៗ ខណៈការងារខ្ញុំ បែរជាជួបបញ្ហាមិនចេះចប់មិនចេះហើយ។ កូនចាំបាច់ត្រូវមានអ្នកមើលថែ ប៉ុន្តែបែរជារកអ្នកមើលថែមិនបាន។
ពីរនាក់ប្ដីប្រពន្ធខ្ញុំ ដាច់ខាតត្រូវតែមានម្នាក់ជាអ្នកឈប់ធ្វើការដើម្បីនៅមើលថែកូន។ ចុងក្រោយខ្ញុំ សម្រេចចិត្តលាឈប់ពីការងារ ដោយសារហេតុផលសំខាន់ៗមួយចំនួន។ ទីមួយ ប្រាក់ខែខ្ញុំបានតិចជាងប្រពន្ធខ្ញុំ។ ទីពីរ ក្រៅពីធ្វើការ ប្រពន្ធខ្ញុំមិនចំណាប់ការងារចង្ក្រានជើងឆ្នាំងឡើយ។ ចំណែកខ្ញុំវិញ ខ្ញុំមិនអួតទេ រឿងការងារដាំស្លអីអស់នេះ គឺមិនចាញ់អ្នកណាឡើយ។ ម្ដាយខ្ញុំមានកូនសុទ្ធតែប្រុស ដូច្នេះគាត់បង្វឹកកូនទាំងអស់ ឱ្យចេះការងារចង្ក្រានជើងឆ្នាំងដើម្បីជួយសម្រាលបន្ទុកគាត់។
ដោយសារខ្ញុំជាមេផ្ទះ ដូច្នេះលុយកាក់ដែលប្រពន្ធខ្ញុំរកបានទាំងអស់គឺខ្ញុំជាអ្នកទុកដាក់ និយាយឱ្យខ្លី គឺខ្ញុំជាអ្នកកាន់លុយ។ ប្រពន្ធខ្ញុំគ្មានបញ្ហាចំពោះរឿងនេះទេ។ គាត់គិតតែពីខំធ្វើការរកលុយយកមក ប្រគល់ឱ្យខ្ញុំ។ ប្រពន្ធខ្ញុំជាស្រីស្អាតម្នាក់ មិនចូលចិត្តនិយាយច្រើន មិនសាំញ៉ាំ ចូលចិត្តលាក់ទុក្ខបញ្ហាក្នុងចិត្តតែម្នាក់ឯង បើសិនជាបញ្ហានោះអាចប៉ះពាល់ទឹកចិត្តពេលនិយាយចេញមក។
គាត់តែងគិតដល់ចិត្តអ្នកដទៃគ្រប់ពេល ដែលគាត់ចង់ធ្វើអ្វីមួយ។ នេះហើយជាមូលហេតុដែលទាំងប្រធានគាត់ និងបុគ្គលិកស្រឡាញ់គាត់គ្រប់ៗគ្នា។ ការស់នៅរបស់ពួកខ្ញុំ ដំបូងដូចជាគ្មានបញ្ហាអីទាំងអស់ ប៉ុន្តែមួយរយៈនេះ ប្រពន្ធខ្ញុំហាក់រវល់ជាងមុន ចេញពីផ្ទះតាំងពីព្រលឹម យប់ៗទើបមកដល់ផ្ទះ។ ពេលខ្លះ គាត់ត្រូវចុះខេត្តមួយអាទិត្យ ឬពីរអាទិត្យចោលខ្ញុំនិងកូនក៏មាន។
ជីវិតលើគ្រែក៏ចាប់ផ្ដើមផ្លាស់ប្ដូរ។
-អូនអស់កម្លាំងណាស់។ អូនចង់សម្រាក។
-ហត់ណាស់ គ្មានអារម្មណ៍ទេបង។
នេះជាលេសសំខាន់បំផុតរបស់ប្រពន្ធខ្ញុំ ដែលខ្ញុំតែងឮញឹកញាប់មួយរយៈក្រោយនេះ។
ខ្ញុំចាប់ផ្ដើមខឹងមួម៉ៅ និងឈានដល់ការសង្ស័យលើភាពស្មោះត្រង់របស់ប្រពន្ធខ្ញុំ។
ខ្ញុំចេះតែនឹកស្រមៃថាប្រពន្ធខ្ញុំ មានប្រុសផ្សេង។ ខ្ញុំចាប់ផ្ដើមប្រចណ្ឌគ្មានហេតុផល។
ពេលប្រពន្ធខ្ញុំនៅធ្វើការយប់ៗ ខ្ញុំតែងឌុបកូនទៅតាមដល់កន្លែងធ្វើការ។ ពេលប្រពន្ធខ្ញុំថាត្រូវចុះខេត្ត ខ្ញុំទូរសព្ទទៅសួរប្រធាន ឬកូនចៅប្រពន្ធខ្ញុំថា នេះជាការពិតមែនទេ? បើពិត ខ្ញុំនៅដេញដោលទៀត ថាតើគាត់ទៅជាមួយអ្នកណាខ្លះ? មានប្រុសណាទៅជាមួយដែរទេ?
នៅផ្ទះ បើសិនទូរសព្ទប្រពន្ធខ្ញុំរោទ៍ ខ្ញុំស្ទុះទៅលើកភ្លាម។ បើសិនជាសំឡេងមនុស្សស្រី ទើបខ្ញុំហុចទៅឱ្យប្រពន្ធខ្ញុំ បើសិនជាសំឡេងមនុស្សប្រុសខ្ញុំសួរដេញដោលជីកឫសជីកគល់ ទម្រាំដាច់ចិត្តហុចទៅឱ្យប្រពន្ធខ្ញុំ។
រឿងវាមិនចប់ត្រឹមហ្នឹងទេ។ អាជំងឺប្រចណ្ឌរបស់ខ្ញុំហ្នឹង វាកាន់តែ កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ យូរៗទៅ សូម្បីតែសំឡេងមនុស្សស្រីខលមក ក៏ខ្ញុំគិតថាជាល្បិចបង្វែងដានរបស់ប្រពន្ធខ្ញុំដែរ។ ឱ្យតែមកដល់ផ្ទះ ខ្ញុំកាន់កាប់ទូរសព្ទប្រពន្ធភ្លាម ឆែកខ្ទេចឆែកខ្ទី ពេលរកមើលមិនឃើញអី ក៏មិនរួចខ្លួនដែរ។
-អូនឯងលុបលេខទូរសព្ទ និងសារទាំងអស់ចោលមុនមកផ្ទះមែន?
ប្រពន្ធខ្ញុំនៅស្ងៀមមិនមាត់។ ការស្ងៀមស្ងាត់នេះមិនបានរម្ងាប់ចិត្តខឹងរបស់ខ្ញុំទេ។ ផ្ទុយទៅវិញ វា កាន់តែដុតរោលចិត្តទោសៈរបស់ខ្ញុំឱ្យកើនឡើងមួយកម្រិតថែមទៀត។
ខ្ញុំស្រែកឮៗដាក់ប្រពន្ធខ្ញុំ។
-កុំស្មានតែបងល្ងង់មិនដឹងនោះ។ បងមិនមែនមោឃទេ។
ប្រពន្ធខ្ញុំនៅស្ងៀមមិនមាត់ដដែល។ តាមពិត ពីដំបូង ប្រពន្ធខ្ញុំគាត់និយាយតវ៉ាខ្លះៗដែរ ប៉ុន្តែដោយ សារតែការតវ៉ារបស់គាត់លើកណា ក៏ធ្វើឱ្យបញ្ហាកាន់តែរីកធំទៅៗ។ ដូច្នេះគាត់ក៏តែងតែនៅស្ងៀម លែងតវ៉ា លែងឆ្លើយតបទាំងអស់ ទុកឱ្យខ្ញុំមួម៉ៅរអ៊ូរទាំតែម្នាក់ឯងដូចមនុស្សឆ្កួត។ ការណ៍នេះធ្វើឱ្យខ្ញុំរឹត តែក្ដៅឈួលចុងច្រមុះ។ ខ្ញុំស្រែកទាំងកំហឹង៖
-មិននិយាយស្ដីហ្នឹងចង់ផ្គើនបងមែន?
នៅតែស្ងាត់ មិនឮការឆ្លើយតប។
ប្រាវ!!
សំឡេងខ្ញុំគប់ទូរសព្ទប្រពន្ធខ្ញុំផ្ទប់នឹងជញ្ជាំង។ ទូរសព្ទបែកខ្ចាយ ថ្មទៅដោយថ្ម។ ប្រពន្ធខ្ញុំដៀងភ្នែក មើលទៅទូរសព្ទដែលបែកខ្ចាត់ខ្ចាយលើការ៉ូបន្តិច មុននឹងដើរចូលទៅក្នុងបន្ទប់ដោយរលីងរលោងទឹកភ្នែក។
មិនតិចដងទេ ដែលខ្ញុំគប់ទូរសព្ទប្រពន្ធខ្ញុំចោល។ ប្រពន្ធខ្ញុំបង្ហូរទឹកភ្នែកដោយស្ងៀមស្ងាត់។
ស្អែកឡើង ពេលបាត់ខឹងខ្ញុំក៏ទៅទិញទូរសព្ទថ្មីមកឱ្យប្រពន្ធវិញ និងនិយាយសុំទោសប្រពន្ធដោយពាក្យសម្ដីផ្អែមល្ហែម ហើយវាក៏បានជួយឱ្យប្រពន្ធខ្ញុំព្រមអភ័យទោសឱ្យខ្ញុំគ្រប់ពេល។ ប៉ុន្តែម្ដងនេះខុសប្លែកពីលើកមុន។ ប្រពន្ធខ្ញុំមិននិយាយស្ដីរកខ្ញុំសោះ ទោះបីខ្ញុំព្យាយាមសារភាពទោសកំហុសយ៉ាងណាក៏ដោយ។
ស្អែកឡើងទៀត ប្រពន្ធខ្ញុំចេញទៅធ្វើការតាំងពីព្រលឹមរហូត ដល់យប់នៅមិនទាន់មកទៀត។ ខ្ញុំខលទៅ តែគាត់មិនលើកទូរសព្ទខ្ញុំសោះ។ អាចមកពីគាត់រវល់ ឬអាចមកពីគាត់មិនទាន់បាត់ខឹង។
-ក្លឹកៗ!
សំឡេងសារទូរសព្ទខ្ញុំលាន់ឡើង។ ខ្ញុំប្រញាប់បើកមើលភ្លាម។ ជាសាររបស់ប្រពន្ធខ្ញុំ។
-នាំកូនញុំាបាយរួចចូលគេងទៅ។ ថ្ងៃនេះរវល់ នៅយប់ជាងរាល់ដង។
នេះជាលើកទីមួយ ដែលប្រពន្ធខ្ញុំផ្ញើសារកំបុតកំបុយ មិនប្រើពាក្យអូនបងដូចរាល់ដង។ ខ្ញុំខលទៅទៀត តែប្រពន្ធខ្ញុំនៅតែមិនព្រមទទួលទូរសព្ទខ្ញុំ។ ខ្ញុំក៏សរសេរសារផ្ញើទៅវិញម្ដង៖
-នៅកន្លែងធ្វើការមែនទេ? ចាំបងទៅយក។ ជិះយប់ម្នាក់ឯងគ្រោះថ្នាក់ណាស់។
-មិនបាច់ទេ។ បើយប់ពេក ចាំហៅតាក់ស៊ីជិះទៅ។
ប្រពន្ធខ្ញុំតបសារមកវិញ។ ខ្ញុំព្យាយាមសង្កត់ចិត្តកុំឱ្យឆេវឆាវ កុំឱ្យស្រមើស្រមៃ ប្រចណ្ឌដូចមនុស្សគ្មានសតិ។ ខ្ញុំងូតទឹកឱ្យកូន បញ្ចុកបាយកូន រួចនាំកូនគេង។
ទោះយ៉ាងណា អារម្មណ៍ខ្ញុំនៅនឹកដល់ប្រពន្ធមិនលោះមួយនាទីណាឡើយ។ ក្រោយពេលកូនគេងលក់ ខ្ញុំក៏ចេញមកចាំប្រពន្ធនៅមុខផ្ទះ។ ខ្ញុំស្រាប់តែនឹកឃើញ រឿងមួយ។
ខ្ញុំឈរចាំប្រពន្ធនៅកន្លែងដែលប្រពន្ធខ្ញុំមិនអាចមើលខ្ញុំឃើញ។ ចាំបានបន្តិច ខ្ញុំឃើញភ្លើងឡានមួយ បើកចូលមក។ ឡាននោះឈប់នៅប្រហែល៥០ម៉ែត្រពីមុខផ្ទះខ្ញុំ។ ខ្ញុំហៀបនឹងដកភ្នែកចេញពីឡាននោះទៅហើយ ស្រាប់តែឃើញរូបរាងរបស់ស្រីម្នាក់ដែលខ្ញុំដូចជាធ្លាប់ស្គាល់ ចុះពីលើឡានដោយមានបុរសម្នាក់បើកទ្វារឡានឱ្យ។
ស្ទើរតែមិនជឿភ្នែកខ្លួនឯង ព្រោះនោះគឺប្រពន្ធខ្ញុំ! បេះដូងខ្ញុំដែលស្ងប់មួយរយៈហើយនោះ ស្រាប់តែចាប់ផ្ដើមលោតញាប់សឹងតែផ្ទុះចេញមកក្រៅ ដូចគេរត់មិនឈប់រាប់គីឡូយ៉ាងនោះដែរ។ ខ្ញុំស្រមៃត្រលប់ថា កាលដែលប្រពន្ធខ្ញុំមិនព្រមទទួលទូរសព្ទខ្ញុំ ព្រោះនាងនៅជាមួយបុរសម្នាក់នេះ។ ប៉ុន្តែ តើពួកគេនៅកន្លែងណាជាមួយគ្នា? សណ្ឋាគារ?
ខ្ញុំស្រមៃឃើញសកម្មភាពរោលរាលរបស់ពួកគេទាំងពីរនៅក្នុងបន្ទប់សណ្ឋាគារ។
-ចឹងតើបានមិនទទួលទូរសព្ទប្ដី។ ប្ដីថាទៅយក ក៏មិនព្រម។
ខ្ញុំគិតក្នុងចិត្តទាំងកំហឹងឈួលចុងច្រមុះ។ កាន់តែគិត កាន់តែខឹង។ ចំហាយក្ដៅភាយៗចេញនៅលើផ្ទៃមុខខ្ញុំ។ ខ្ញុំក្ដាប់ដៃដោយកំហឹង រួចរំសៀកខ្លួនចូលផ្ទះឱ្យបានមុនប្រពន្ធខ្ញុំ។ ខ្ញុំអង្គុយចាំប្រពន្ធនៅបន្ទប់ទទួលភ្ញៀវ។ ប្រពន្ធខ្ញុំដើរចូលផ្ទះ ធ្វើហីដូចមិនដឹងមានរឿងអីកើតឡើង។ ខ្ញុំខំតាំងចិត្ត ញញឹមសួរប្រពន្ធ៖
-អូនជិះអីមក?
-តាក់ស៊ី!
-កុហក!
ផាំង!
ខ្ញុំយារដៃមួយទំហឹងទះកំផ្លៀងប្រពន្ធខ្ញុំ ធ្វើឱ្យនាងរកកលនឹងដួល។ ប្រពន្ធខ្ញុំធ្វើមុខស្រឡាំងកាំង ហាក់មិនជឿអ្វីដែលបានកើតឡើងមុននេះ។ គាត់យកដៃប៉ះមាត់ខាងឆ្វេងដែលបានរងទម្ងប់ដៃរបស់ខ្ញុំមុននេះ រួចទាញដៃមកមើល។ ស្នាមឈាមស្រាលៗដិតដាមនៅម្រាមដៃរបស់នាង។
មាត់ប្រពន្ធខ្ញុំបែកចេញឈាមរឹមៗ។ ប្រពន្ធខ្ញុំយំសសឹកដោយស្ងប់ស្ងាត់ មិននិយាយអីសូម្បីមួយម៉ាត់។ កំហឹងខ្ញុំនៅមិនទាន់រលត់ទេ។ ខ្ញុំចាប់ផ្តើមនិយាយតឹងសរសៃកដាក់ប្រពន្ធ៖
-ភ្នែកបងទាំងគូនៀក (ខ្ញុំចង្អុលមកភ្នែកខ្លួនឯងសឹងតែដល់គ្រាប់ភ្នែក) វាបានឃើញអូនឯងមកផ្ទះ ដោយមានប្រុសជូនមក។ ហេតុអីអូនឯងកុហកថាជិះតាក់ស៊ីមក? អាប្រុសម្នាក់នោះវាជាអ្នកណា? វាជាសាហាយស្មន់របស់អូនឯងមែន?
-បានហើយ! ហេតុអីក៏ខួរក្បាលបងឯងគិតឃើញតែរឿងស្មោកគ្រោកបែបនេះ?
ប្រពន្ធខ្ញុំស្រែកស្ទើរបែកផ្ទះ និងបើកភ្នែកសម្លឹងមើលមុខខ្ញុំមិនប៉ប្រិចភ្នែក។ វាជាការសម្លឹងដ៏គួរឱ្យ ខ្លាច ដែលខ្ញុំមិនដែលបានឃើញពីមុនមក។ មិនអស់ចិត្ត ប្រពន្ធខ្ញុំទាញកៅអីឈើនៅក្បែរខ្លួនបោកប្រាវ ទៅលើការ៉ូ រួចចាប់ផ្ដើមរៀបរាប់ហូរហែរទាំងទឹកភ្នែករហាម៖
-បងឯងប្រហែលភ្លេចអ្វីដែលខ្ញុំបាននិយាយមុនពេលពួកយើងរៀបការហើយមែនទេ?
សំណួររបស់នាងបានទាញការចងចាំខ្ញុំឱ្យវិលខ្ញាល់ត្រឡប់ទៅរកការសន្ទនារបស់ពួកយើងទាំងពីរនៅយប់មួយ មុនថ្ងៃរៀបការរបស់ពួកយើងមកដល់មួយថ្ងៃ។
-រស់នៅជាមួយគ្នា ត្រូវគោរព និងឱ្យតម្លៃគ្នា។ ហាមដាច់ខាតរឿងជេរ និងវ៉ៃខ្ញុំ។ បើបងហ៊ានជេរខ្ញុំ តែមួយម៉ាត់ ឬលើកដៃវ៉ៃខ្ញុំសូម្បីតែមួយដៃ ទំនាក់ទំនងរបស់ពួកយើងនឹងចប់។
ខ្ញុំញញឹម លូកដៃទៅអង្អែលដៃនាង ដែលដាក់នៅលើតុ។
-បងគ្មានថ្ងៃធ្វើបែបនេះដាក់មនុស្សដែលបងស្រឡាញ់បានទេ។ បងសន្យាក្នុងនាមជាកូនប្រុស។
-ពេលស្រឡាញ់គឺបែបនេះហើយ។ មនុស្សប្រុសតែងបំភ្លេចនូវពាក្យសម្ដីគ្រប់ម៉ាត់ដែលខ្លួនបានសន្យាមុនពេលរៀបការ ខណៈមនុស្សស្រីចងចាំវាគ្មានថ្ងៃបំភ្លេចបាន ហើយវាបានធ្វើឱ្យស្ត្រីជាច្រើនរស់នៅក្នុងការ ចងចាំនោះទាំងចិត្តពើតផ្សា។
ពិតដូចសម្ដីប្រពន្ធខ្ញុំបាននិយាយក្នុងយប់នោះមែន។ ខ្ញុំពិតជាបានបំភ្លេចពាក្យសន្យាអស់ទាំងនោះ ឈឹងអស់មួយរយៈកាលមកហើយមែន។ បើកុំតែនាងរំឭក ពាក្យសន្យានោះវាប្រាកដជាកប់បាត់ទៅក្នុងគំនររឿងរ៉ាវកាលពីអតីតកាលទៅហើយ។
-ពួកយើងលែងគ្នាទៅ! ខ្ញុំលែងខ្វល់ពីមុខមាត់កិត្តិយសអីទៀតហើយ។ បើបងឯងចង់សម្លាប់ខ្ញុំ ក៏សម្លាប់ទៅ ព្រោះរាល់ថ្ងៃខ្ញុំរស់ដូចមនុស្សងាប់ស្រាប់ហើយ!
និយាយចប់ ប្រពន្ធខ្ញុំដើរចូលទៅលើកកូនស្រីខ្ញុំដែលកំពុងឈរយំដោយការភ័យខ្លាចនៅមាត់ទ្វារបន្ទប់គេង។ ភ័យខ្លាចព្រោះតែនាងមិនដែលឃើញរូបភាពបែបនេះពីមុនមក។ សំឡេងបោកកៅអីបានធ្វើឱ្យ នាងភ្ញាក់ពីដំណេក។
ប្រពន្ធខ្ញុំលើកកូនមកពរឱបជាប់ទ្រូង ហើយដើរចូលក្នុងបន្ទប់បាត់ ទុកឱ្យខ្ញុំនៅឈរស្រឡាំងកាំងតែ ម្នាក់ឯងដដែល។ តាំងពីស្គាល់គ្នាមក នេះជាលើកទីមួយហើយដែលខ្ញុំឃើញប្រពន្ធខ្ញុំមានអាកប្បកិរិយាបែបនេះ។ ខ្ញុំនៅមិនទាន់ជឿថាអ្វីដែលខ្ញុំបានឃើញ និងស្តាប់ឮមុននេះថាជាការពិតនៅឡើយទេ។
ប្រពន្ធចាក់សោបន្ទប់មិនឱ្យខ្ញុំចូលឡើយ ដូច្នេះខ្ញុំត្រូវគេងលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ។ នេះក៏ជា លើកទីមួយដែរ ដែលនាងធ្វើបែបនេះដាក់ខ្ញុំ។ វាគឺជាសញ្ញាមិនល្អមួយសម្រាប់ខ្ញុំ។
-មានប្រុស! ប្រពន្ធខ្ញុំមានប្រុសប្រាកដណាស់! គឺអាម្នាក់ហ្នុងប្រាកដណាស់។
ខ្ញុំគេងគិតពីរឿងនេះពេញមួយយប់។ ការស្វាគមន៍របស់មូសក្នុងការបូមជញ្ជក់យកឈាមចេញពីរាងកាយខ្ញុំ មិនជាបញ្ហាសោះចំពោះខ្ញុំក្នុងយប់នោះ ព្រោះខួរក្បាលខ្ញុំ និងញាណទាំងអស់របស់ខ្ញុំស្ពឹកដោយសារតែភ្លើងប្រចណ្ឌ និងចិត្តសង្ស័យទៅហើយ។
…............................
-ខ្វះស្រីណាស់មែនទេបានជាមកទាក់ទងប្រពន្ធគេ? ខ្ញុំសុំព្រមានលោកឯងថា ឈប់មករញ៉េរញ៉ៃជាមួយប្រពន្ធខ្ញុំទៀត បើមិនចឹងទេ លោកឯងច្បាស់ជាបានល្បីក្នុងហ្វេសប៊ុកមិនខាន។
នេះជាសំដីគំរោះគំរើយបែបគម្រាមរបស់ខ្ញុំនិយាយទៅកាន់បុរសដែលបានជូនប្រពន្ធខ្ញុំមកផ្ទះកាលពី យប់មិញ។ ខ្ញុំទាក់ទងមនុស្សច្រើននាក់ណាស់ទើបអាចដឹងពីអត្តសញ្ញាណរបស់បុរសម្នាក់នេះ។ គេឈ្មោះសុធា ជាថៅកែក្រុមហ៊ុនលក់គ្រឿងសំណង់ដ៏ធំមួយ។ រឿងដែលគួរឱ្យខឹងគឺ គេនៅមិនទាន់មានប្រពន្ធទេ។ យីអើ! អាយុជិតសែទៅហើយ មានក៏មាន រូបក៏សង្ហា ហេតុអីក៏មិនប្រកាច់យកប្រពន្ធ? ហេតុអីក៏មករញ៉េរញ៉ៃពាក់ព័ន្ធជាមួយប្រពន្ធខ្ញុំទៅវិញ?
ស្ដាប់ឮពាក្យគំរាមរបស់ខ្ញុំ បុរសម្នាក់នេះមើលទៅដូចមិនព្រឺរោមសូម្បីបន្តិច។
-ជាការពិត ខ្ញុំស្រឡាញ់ប្រពន្ធលោក...
ផាំង!
ខ្ញុំដាល់បុរសនេះមួយដៃ ព្រោះមិនអាចទប់ចិត្តបាន ទាំងដែលគេមិនទាន់ហារមាត់បញ្ចប់ប្រយោគរបស់គេស្រួលបួលនៅឡើយ។
កំហឹងមិនព្រមស្រាក ខ្ញុំយារដៃប្រឹងដាល់គេទៀត តែគេចាប់ដៃខ្ញុំជាប់។ ខ្ញុំប្រឹងរើ តែមិនអាចរើរួច។ ដៃគេរឹងដូចដង្កាប់ដែក។ សាច់ដុំដៃគេលេចចេញជាកង់ៗ នៅពេលគេខំប្រឹងទប់ទល់ នឹងកម្លាំងរើរបស់ខ្ញុំ បញ្ជាក់ថាគេតែងហាត់ប្រាណជាប្រចាំ។
-ជាកូនប្រុស កុំអាងអីអាងប្រើកម្លាំងបាយ។ លោកមកដល់ មិនព្រមសួរនាំខ្ញុំពីមូលហេតុដែលខ្ញុំជូន ប្រពន្ធលោកទៅផ្ទះ បែរជាមកចោទខ្ញុំប្រាវៗយកតែម្ដង។ ក្ដីស្រឡាញ់ដែលមិនមានទំនុកចិត្តលើគ្នា មានតែចិត្តសង្ស័យលើគ្នាបែបនេះ តើគេហៅថាជាក្ដីស្រឡាញ់ឆ្កួតយក៍អីទៅ? មាលាជាស្រីល្អណាស់ ហេតុអីក៏លោកមើលមិនឃើញតម្លៃរបស់នាង បែរជាមានចិត្តសង្ស័យលើភាពស្មោះត្រង់របស់នាងបែបនេះ?
សុធាអាក់សម្ដីត្រឹមនេះ ទុកពេលដកដង្ហើមឱ្យស្រួល និងទុកឱកាសឱ្យខ្ញុំបានពិចារណាសម្ដីដែលគេ និយាយមុននេះបន្តិចផង។ ឃើញខ្ញុំនៅស្ងៀម សុធាក៏បន្តនិយាយទៀត៖
-យប់មិញ ខ្ញុំមានប្រជុំសំខាន់ជាមួយនាង។ ដោយសារធ្វើការហត់ពេក មិនបានបាយ មិនបានទឹក នាងបានងងឹតមុខដួល។ នាងចង់ជិះតាក់ស៊ីមកផ្ទះ តែខ្ញុំទទូចសុំជូននាងមកផ្ទះទម្រាំនាងយល់ព្រម។ ខ្ញុំទើបតែយល់ថា ហេតុអ្វីនាងរារែកមិនចង់ឱ្យខ្ញុំជូននាងមកផ្ទះនៅពេលនេះ។ ព្រោះតែមានប្ដីជាមនុស្សកំពូលប្រចណ្ឌដូចលោកចឹងតើ បានជាខ្ញុំឃើញមាលាតែងតែស្រពាប់ស្រពោនដូចរុក្ខជាតិស្វិតរញង់ដោយសារភ្លើងឆេះរោលរាល រង់ចាំតែថ្ងៃផុតជីវិត។ ឃើញលោកមានចរិតបែបនេះខ្ញុំដាច់ខាតត្រូវតែប្ដូរចិត្ត។
-វាត្រូវតែចឹង ព្រោះមនុស្សស្រីដែលលោកឯងស្រឡាញ់គេមានប្ដីមានកូនហើយ។ (ខ្ញុំឆ្លើយតប
ផូងវិញ)
ខ្ញុំត្រឡប់មកផ្ទះវិញទាំងអារម្មណ៍មួរហ្មងដដែល។ ខ្ញុំមិនជឿដាច់ខាតថាពួកគេទាំងពីរស្អាតស្អំ។
ខ្ញុំត្រូវតែរកភស្តុតាងបញ្ជាក់ឱ្យបាន។ ខ្ញុំចូលទៅរើកកាយគ្រប់កន្លុកកន្លៀត ដែលខ្ញុំគិតថាប្រពន្ធខ្ញុំអាចនឹងលាក់អ្វីមួយពីខ្ញុំ។
......................................................................[នៅមានភាគបន្ត] ។
No comments:
Post a Comment